សាលាត្រូវធ្វើបែបណាក្នុងរយៈពេលបិទសាលា​ដោយសារកូវីត (Covid-19)?

នេះពុំមែនជាសំនួរថ្មីនោះទេ តែបើនៅតែបន្តទាំងសិស្ស អាណាព្យាបាល គ្រូ ឬសាលាសុទ្ធតែជួបបញ្ហា។



នៅពេលដែលបិទសាលា នៅផ្ទះត្រូវមានអាណាព្យាបាល​តាមដាន ឬជួយកូនសិក្សា ការឆ្លើយនូវចម្ងល់របស់កូន និងរបៀបក្នុងការឆ្លើយជាដើមសុទ្ធតែត្រូវសម្របក្នុងកាលៈទេសៈនេះ។ ចំណែកឯសាលាត្រូវរកវិធានការណ៍ដើម្បីអាចបន្តផ្តល់ការសិក្សាដល់ក្មេងៗ អាចបន្តការណែនាំ ពន្យល់ និងពិសេស​ដោះបន្ទុកខ្លះពីអាណាព្យាបាល ពុំមែនអាណាព្យាបាលទាំងអស់អាចឆ្លើយសំនួរមេរៀនរបស់កូននោះ​ទេ ដែលជាមូលហេតុពួកគាត់ត្រូវការសាលា។

អ្វីដែលត្រូវសួរ ថាតើហេតុអ្វីសាលាឯកជនអាចអោយមាតាបិតាសិស្សបង់ថ្លៃ? តើសាលាមានការទទួលខុសត្រូវអ្វីខ្លះ?

ក្នុងរយៈពេលតាំងពីពាក់កណ្ដាលខែមីនាមក ក្រសួងបានជម្រុញការសិក្សាអនឡាញភ្លាមៗដែល​យ៉ាងហោចណាស់មានដំណោះស្រាយមួយ បូករួមនឹងក្រុមហ៊ុនឯកជនមួយចំនួនបានផ្តល់ឪកាស​ដល់សិស្សានុសិស្សបានបន្តការរៀនសូត្រ បើទោះជាមិនទាន់បានគ្រប់ជ្រុងជ្រោយ។

តើមានអ្វីខ្លះហើយដែលសិស្សានុសិស្សអាចរៀនបានដោយមិនមានការបង់ថ្លៃ?

  1. ការសិក្សាតាមហ្វេសប៊ុកក្រសួងអប់រំ
  2. ការសិក្សាតាម YouTube ក្រសួងអប់រំ
  3. តាមរយៈកម្មវិធីទូរសព្ទរបស់ក្រុមហ៊ុនឯកជនមួយចំនួន
  4. តាមប៉ុស្តិទូរទស្សន៍មួយចំនួនដូចជា៖ អប្សារា ប៉ុស្តិលេខ១១ ប្រអប់ទូរទស្សន៍ស៊ីងម៉េង និងអាចមានទទកផងដែរ
  5. អាចរៀនបានទូលំទូលាយសម្រាប់ថ្នាក់ទី៩ និងទី១២ ចំណែកថ្នាក់ផ្សេងទៀតដូចជាទី១, ទី២ និងទី៣ ទើបនឹងចាប់ផ្តើមថ្មីៗនេះ
ដូចបានរៀបរាប់ខាងលើនៅមានចំនុចខ្វះខាតខ្លះនៅឡើយ តែខ្ញុំជឿជាក់ថាវានឹងប្រសើរឡើងនៅសប្តាហ៍បន្ទាប់ៗទៀត ពិសេសនឹងមានគ្រប់ថ្នាក់។

តើអាណាព្យាបាលត្រូវធ្វើរបៀបម៉េច?

១. ត្រូវរៀបចំកាលវិភាគអោយកូន ឬអោយកូនរៀបខ្លួនឯង
២. ជម្រុញកូនអោយសិក្សាតាមកាលវិភាគនោះ ដោយប្រើប្រាស់សៀវភៅពុម្ពមានស្រាប់ និងដោយកំណត់ទំព័រក្នុងម៉ោងនីមួយៗ
៣. អោយកូនធ្វើលំហាត់លើសៀវភៅ និងព្យាយាមពន្យល់ ឬបើកូនធ្វើខុសបន្តអោយគាត់ធ្វើ
៤. ស្វែងរកទំនាក់ទំនងគ្រូដើម្បីបោះកិច្ចការ ឬអោយកូនជួបជាមួយគ្រូតាមរយៈទូរសព្ឬ ឬប្រព័ន្ធផ្សេងៗ យ៉ាងហោចណាសម្តងក្នុងមួយអាទិត្យ

តើសាលាត្រូវធ្វើរបៀបណា?

ចំពោះសាលារដ្ឋក្រសួងបានចេញមុខមុនរួចមកហើយ តែសាលាត្រូវបន្តភារៈកិច្ចរបស់ខ្លួនដើម្បីផ្សព្វផ្សាយជូនអាណាព្យាបាល ឬសិស្ស ឬសូម្បីស្វែងរកជំនួយផ្សេងៗជួយសិស្សខ្វះខាត ឬយ៉ាងហោចណាស់ផ្តល់ប្រឹក្សាជូនពួកគាត់។ ខ្ញុំជឿថាសិស្សនឹងបន្តទាក់ទងគ្រូរបស់ពួកគេតាមបណ្ដាញសង្គមចំពោះសិស្សថ្នាក់ធំ។

ចំពោះសាលាឯកជនត្រូវណែនាំសិស្សរៀនតាមកម្មវិធីក្រសួង តែក៏ត្រូវមានការទទួលខុសត្រូវ​អោយល្អផងដែរ​។

ហេតុនេះហើយសាលានីមួយៗបើទោះជាសាលារដ្ឋ ឬសាលាឯកជនគួររៀបចំចំនុចមួយចំនួន៖


១. ជ្រើសរើសប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនង និងគ្រប់គ្រងការសិក្សាសិស្សអោយបានល្អ និងមានប្រសិទ្ធិភាព
២. រៀបចំរបៀបគ្រប់គ្រងបុគ្គលិក លោកគ្រូអ្នកគ្រូទៅតាមបរិបទបច្ចេកវិទ្យាត្រឹមត្រូវ
៣. ត្រូវជួយរៀបចំកាលវិភាគសិស្សជូនអាណាព្យាបាលក្នុងកាលៈទេសៈត្រូវរៀនពីចំងាយ
៤. រៀបចំកាលវិភាគតាមថ្នាក់យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដើម្បីអោយគ្រូនិយាយផ្ទាល់ជាមួយសិស្សពីចំងាយ ជួយឆ្លើយចម្ងល់របស់សិស្សលើមុខវិជ្ជាផ្សេងៗ
៥. រៀបចំថតមេរៀនពិសេសៗរបស់ខ្លួនសម្រាប់សិស្ស

សាលាអាចស្វែងរកក្រុមជំនាញពីបច្ចេកវិទ្យា និងអប់រំ ដើម្បីប្រឹក្សាពីរបៀបរៀបចំ ព្រោះការប្រើប្រាស់ហ្វេសប៊ុកដើម្បីសិក្សាពុំមែនជារបៀបល្អ និងត្រឹមត្រូវនោះទេ វាពិបាកក្នុងការតាមដាន មានការរំខានច្រើនពេលមានអ្នកចុចចូលចិត្ត ឬដាក់មតិជាដើម។ 

សាលាគួរមានប្រព័ន្ធមួយដែលមានគ្រប់តម្រូវការដូចជា៖

១. គ្រប់គ្រងសិស្ស-គ្រូតាមថ្នាក់ត្រឹមត្រូវ
២. គ្រូអាចទំនាក់ទំនងសិស្សរបស់គាត់ ឬសិស្សអាចសួរគាត់បានជាលក្ខណៈឯកជន ឬតាមថ្នាក់
៣. អាចផ្តល់មេរៀនតាមប្រព័ន្ធបើទោះជាមានមេរៀនសាធារណៈក៏ដោយ
៤. អាចអោយសិស្សធ្វើតេស្ត សាកល្បងសមត្ថភាព
៥. អាចប្រឡងបាន
៦. អាចទាក់ទងតាម Video Conference ដោយអាចគ្រប់គ្រងវីដេអូខលនេះបាន

អាចនេះជាយោបល់មួយក្នុងកាលៈទេសៈនេះ ហើយវាអាចជាឪកាសមួយដើម្បីអោយសាលាអភិវឌ្ឍខ្លួនបានលឿនផងដែរ។